១. កញ្ញា វត្ថា វិច្ឆិកា វ័យ២៥ឆ្នាំ ជាម្ចាស់សិប្បកម្មដៃខ្មែរ ដែលផលិតប្រេងដូង សាប៊ូ និង ធ្យូងដុសធ្មេញ។ សិប្បកម្មនេះ មានទីតាំងនៅ ភូមិកំពង់សំណាញ់ សង្កាត់និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ បន្ទាប់ពីបោះបង់អាជីពជាអ្នកដើរម៉ូត វិច្ឆិកា បានប្រឡូកក្នុងការផលិតសាប៊ូ និងប្រេងដូងនេះ នៅឆ្នាំ ២០១៤ ជាមួយសហស្ថាបនិកគម្រោងដៃខ្មែរដែលជាជនបរទេស ។ ហើយនៅឆ្នាំ ២០១៧ នាងបានចេញមកបើកអាជីវកម្មដៃខ្មែរនេះ ដោយខ្លួនឯង។
២. បច្ចុប្បន្ន សិប្បកម្មដៃខ្មែរ មានកម្មករតែម្នាក់គត់ គឺអ្នកស្រី មាស សុខគា។ ជារៀងរាល់ថ្ងៃ វិច្ឆិកាតែងមកធ្វើការជាមួយកម្មការិនីម្នាក់នេះ។ អ្នកស្រី មាស សុខគា កំពុងកាប់ដូង ដើម្បីកោស និង ពូតយកខ្ទិះ។ ក្នុងមួយថ្ងៃៗ សុខគា ត្រូវកាប់ដូង៦០ផ្លែ។ បន្ទាប់ពីបានខ្ទិះដូងហើយ គេត្រូវយកទៅរក្សាទុកនៅក្នុងបន្ទប់កម្តៅ រយៈពេល២ថ្ងៃ មុននឹងយកវាមកច្រោះយកប្រេងដូង។
៣. បន្ទាប់ពីបានប្រេងដូងហើយ គេយកវាទៅលាយនឹងមេសាប៊ូ ទឹក និង គ្រឿងផ្សំផ្សេងៗទៀត ដែលមានដូចជា រមៀត កាហ្វេ អម្ពិល… ជាដើម។ លាយរួចហើយ គេចាក់វាចូលទៅក្នុងពុម្ព ហើយរក្សាវាទុករយៈពេល៥ម៉ោង ដើម្បីសាប៊ូកកល្អ។ នៅក្នុងរូបនេះ កញ្ញាវិច្ឆិកា និង អ្នកស្រី មាស សុខគា កំពុងចាក់ល្បាយសាប៊ូ ពណ៌ស និង ពណ៌ខ្មៅ លាយគ្នាចូលទៅក្នុងពុម្ព។ ក្នុងមួយថ្ងៃៗ សិប្បកម្មដៃខ្មែរ អាចផលិតសាប៊ូបាន ១០គីឡូក្រាម។
៤. បន្ទាប់ពីសាប៊ូកកល្អហើយ កញ្ញាវិច្ឆិកា និង អ្នកស្រី មាស សុខគា បានកាត់វាជាដុំតូចៗល្មមទៅតាមតម្លៃ។ សាប៊ូដែលកាត់រួចហើយ គេមិនទាន់អាចយកទៅប្រើបាននៅឡើយទេ ។ គេត្រូវរង់ចាំរហូតដល់ ៣០ថ្ងៃក្រោយ ទើបអាចប្រើបាន ដោយមិនប៉ះពាល់ដល់ស្បែក។ ដូច្នេះ ដុំសាប៊ូដែលកាត់រួចហើយ ត្រូវយកទៅរក្សាទុកក្នុងទូរស្អាតមួយដាច់ដោយឡែក។
៥. ពេលណាមានការបញ្ជាទិញ កញ្ញាវិច្ឆិកា និង អ្នកស្រី មាស សុខគា ចាប់ផ្តើមច្រកសាប៊ូដាក់ក្នុងប្រអប់ក្រដាសធ្វើពីដើមចេក ដែលនាងធ្វើដោយខ្លួនឯង ឬ ច្រកស្បោងធ្វើពីក្រណាត់។ សាប៊ូរបស់សិប្បកម្មដៃខ្មែរ មានច្រើនប្រភេទដូចជា សាប៊ូកាហ្វេ សាប៊ូរមៀត សាប៊ូប្រទាលកន្ទុយក្រពើ សាប៊ូប្រេងដូងសុទ្ធ សាប៊ូធ្យូង និង សាប៊ូអម្ពិល។ ក្រៅពីនេះ សិប្បកម្មមួយនេះ ក៏មានលក់ដែរនូវ ប្រេងដូងសុទ្ធ និងធ្យូងដុសធ្មេញធ្វើពីត្រឡោកដូង។